៦ឆ្នាំជាងមកនេះ Apple នៅតែធ្វើឱ្យអ្នកប្រើ Magic Mouse ទើសភ្នែកមិនឈប់នោះទេ .

កុំព្យូទ័រ iMac ២០២១ ទើបប្រកាសចេញកាលពីថ្មីៗនេះ ត្រូវបានភ្ជាប់មកជាមួយនឹង Magic Keyboard ជំនាន់ថ្មី មានប៊ូតុងស្គេនម្រាមដៃ និង Magic Mouse 2 ចាស់ឆ្នាំ ដែល Apple ដាក់រន្ធសាកថ្មនៅកន្លែងដ៏ទើសបំផុត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។




Magic Mouse 2 មានអាយុ ៦ឆ្នាំ មកហើយ ខណៈ Apple ធ្វើការប្រកាសចេញតាំងពី ឆ្នាំ២០១៥ មកម៉្លេះ ប៉ុន្ដែអ្វីដែល Apple ធ្វើហាក់មិនសមទំនងនោះ គឺដាក់រន្ធសាកថ្មនៅក្រោមឧបករណ៍មួយនេះ។ វាអាចថាជារឿងទើសភ្នែកមួយ ខណៈអ្នកប្រើកំពុងរវល់ត្រូវការប្រើវា ដោយទើសខ្សែបញ្ចូលថ្មបាត់ទៅហើយ។ មកដល់ថ្ងៃនេះ Apple នៅតែមិនទាន់ប្ដូររចនាបទ ឬទីតាំងសាកថ្មរបស់ Magic Mouse នៅឡើយទេ។

ទោះយ៉ាងណាក៏ដោយ ថ្លែងទៅកាន់សារព័ត៌មាន The Verge កាលពីថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរតែមួយគត់ទៅលើ Magic Mouse 2 គឺបន្ថែមពណ៌ជាច្រើនផ្សេងទៀតប៉ុណ្ណោះ ហើយលក្ខណៈពិសេសរបស់វាគឺនឹងនៅរក្សាឱ្យនៅដដែល។

គួរបញ្ជាក់ផងដែរថា Magic Mouse 2 អាចសាកថ្មបានក្នុងល្បឿនលឿន ដោយសាកថ្មរយៈពេលត្រឹម២នាទីតែប៉ុណ្ណោះ គឺអាចប្រើបានដល់ទៅ ៩ម៉ោង៕




ប្រភព៖ sabay news

Previous Post Next Post