អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel និយាយថា គាត់មានអារម្មណ៍ថាជាផ្នែកមួយនៃគ្រួសារតោខៀវ Chelsea ទៅហើយស្វាគមន៍សម្រាប់ការចុះកុងត្រាថ្មី ប្រសិនបើក្លិបមានអារម្មណ៍ថាគាត់សមនឹងបន្តនៅជាមួយក្លិប។
គ្រូបង្វឹកវ័យ ៤៧ ឆ្នាំរូបនេះ បានមកជំនួសកៅអីក្តៅរបស់ លោកគ្រូបង្វឹក Frank Lampard នៅឯកីឡដ្ឋាន Stamford Bridge កាលពីខែមករា ដើមឆ្នាំមុន លើកិច្ចព្រមព្រៀងរយៈពេល ១៨ ខែ ជាមួយនឹងលទ្ធភាពនៃការបន្តកុងត្រាថ្មី។
គាត់រីករាយនឹងការចាប់ផ្តើមគួរឱ្យចាប់អារម្មណ៍ក្នុងជីវិតនៅ Chelsea ដោយទទួលបានជ័យជម្នះ១៣ដង ស្មើ ៤ដង និងចាញ់តែ២ដងនៃការប្រកួតចំនួន១៩ លើកដំបូង របស់គាត់។
លទ្ធផលបែបនោះហើយបានធ្វើឱ្យក្រុមតោខៀវឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League និងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ក៏ដូចជាការដាក់ក្តីសង្ឃឹមជឿជាក់ថានឹងកក់បានទីតាំងនេះកំពូលចំណាត់ថ្នាក់ទាំង៤ (Top 4) របស់ក្របខណ្ឌ Premier League នៅក្នុងដៃរបស់ពួកគេផងដែរ។
Thomas Tuchel សារភាពថា ដំបូងឡើយគាត់មានការព្រួយបារម្ភអំពីរយៈពេលនៃកិច្ចព្រមព្រៀងដែលគាត់បានចុះហត្ថលេខា ប៉ុន្តែលោកនឹងអាចទទួលបានកិច្ចសន្យាបន្ត បន្ទាប់ពីដឹកនាំឱ្យបានជោគជ័យ៕ ប្រភព cnc